ប៉ៃលិន៖ នារសៀលថ្ងៃសុក្រ ១២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមប្រជុំពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុចូលសម្រាប់កែលម្អការបន្ស៊ី (Mapping) រវាងលេខកូដស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ COA ដោយមានការចូលរួមពី លោកស្រី ហង់ វិសុទ្ធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយ និងក្រុមការងារស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល នៃនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច អគ្គនាយកដ្ឋានគោលនយោបាយ, រតនាគារខេត្ត និងមន្ទីរជំនាញចំនួន០៥ មន្ទីរ។ ដែលកិច្ចប្រជុំពិភាក្សានេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែលម្អិតពីការអនុវត្តជាក់ស្តែងទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានលើការកត់ត្រាប្រតិបត្តិការចំណូល-ចំណាយ, ការរៀបចំរបាយការណ៍ចំណូល-ចំណាយតាមចំណាត់ថ្នាក់សេដ្ឋកិច្ចដោយប្រើប្រាស់ទិន្នន័យអនុវត្តថវិកាចំណូល-ចំណាយចរន្តនិងមូលធន, ព្រមទាំងតារាងតុល្យភាពឆ្នាំ២០២១ និង២០២២ជាមូលដ្ឋាន។ កិច្ចប្រជុំពិភាក្សានេះគឺធ្វើនៅសាលប្រជុំតូចអក្ស (O) របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។